ក្រសួងព័ត៌មានឲ្យឈប់ចាក់ផ្សាយបទចម្រៀង”ស្អាតជានិច្ច”របស់ផលិតកម្មហង្សមាស
រដ្ឋមន្រ្តីក្រសួងព័ត៌មានបានចេញសេចក្តីជូនដំណឹងមួយឲ្យម្ចាស់
ស្ថានីយ៍ទូរទស្សន៍និងវិទ្យុទាំងអស់
បញ្ឈប់ការចាក់ផ្សាយបទចម្រៀង”ស្អាតជានិច្ច”របស់ផលិតកម្មហង្សមាស
ដោយក្រសួងថាបទចម្រៀងនិពន្ធថ្មីនេះប្រាសចាកពីអត្ថន័យដើម
និង”ជះឥទ្ធិពលមិនល្អដល់កុមារទូទៅ”។
នៅក្នុងសេចក្តីជូនដំណឹងមួយចុះថ្ងៃទី២៤ខែកុម្ភៈ
ដែលវីអូឌីទទួលបាននៅថ្ងៃពុធនេះ លោក ខៀវ កាញារីទ្ធ
រដ្ឋមន្រ្តីក្រសួងព័ត៌មានបានលើកឡើងថាបទចម្រៀងច្រៀងដោយកញ្ញា ពេជ្រ
សោភានិងឌីជេដេវីឌ
ទាំងខ្លឹមសារនិងរូបភាពនៃការសម្តែងបានប្រាសចាកអំពីអត្ថន័យខ្លឹម
សារដើមទាំងស្រុងនៃបទចម្រៀងស្អាតជានិច្ច។
លោកបន្តថាអត្ថន័យដើមនៃបទចម្រៀង”ស្អាតជានិច្ច”បានអប់រំបណ្តុះគំនិត
ប្រាជ្ញាស្មារតីឲ្យកុមារឧស្សាហ៍ព្យាយាម
រស់នៅស្អាតមានអនាម័យគ្រប់ពេលវេលា គ្រប់ទីកន្លែង
តែលោកថាបទចម្រៀងថ្មីទាំងអត្ថន័យខឹ្លមសាររ៉េប
បង្ហាញពីអត្តចរិករបស់កុមារខ្ជិលច្រអូសម្នាក់
រៀននៅបឋមសិក្សាធ្វើពុតជាឈឺក្បាល វិលមុខ
និងក្តៅខ្លួនសុំអ្នកគ្រូទៅផ្ទះគេចសាលាដើរលេង
ហើយសិស្សមានអាកប្បកិរយាមិនសមរម្យលេងឈូសស្បែកជើង។
លោករដ្ឋមន្រ្តីបញ្ជាក់ថាបទចម្រៀងនេះ”ជះឥទ្ធិពលមិនល្អដល់កុមារទូទៅ”។